Skip to content

លំហាត់ទី៦៖ ពីតារាង Excel ទៅជាផែនទី និងទម្រង់ប្រមូលទិន្នន័យ

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៦៖ ប្រភព និងការប្រមូលទិន្នន័យ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី

ស្ថានភាព

មន្ត្រីអប់រំម្នាក់ផ្ញើតារាងសាលារៀនដែលមានកូអរដោនេ រយៈទទឹង រយៈបណ្ដោយ ពីទូរស័ព្ទ។ អ្នកត្រូវនាំតារាងនោះចូល QGIS បម្លែង CRS ឱ្យត្រូវនឹងទិន្នន័យវគ្គសិក្សា ហើយរៀបចំទម្រង់សម្រាប់ប្រមូលទិន្នន័យថ្មីនៅទីវាល។

គោលបំណង

  • នាំចូលតារាង CSV ដែលមានកូអរដោនេ (Delimited Text)។
  • បែងចែក CRS ភូមិសាស្ត្រ (EPSG:4326) និង CRS ចំណោល (EPSG:32648) ហើយបម្លែងស្រទាប់។
  • រៀបចំ GeoPackage និងទម្រង់បញ្ចូលទិន្នន័យ (Attributes Form)។
  • វាយតម្លៃប្រភពទិន្នន័យ៖ អ្នកផលិត ឆ្នាំ ភាពត្រឹមត្រូវ អាជ្ញាបណ្ណ។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត ខ្លឹមសារ
Kh_School School/ សាលារៀន (ប្រើបង្កើតតារាង CSV គំរូ)
Kh_Province_Boundary Admin/ ព្រំខេត្ត

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ បង្កើតតារាង CSV ដូចពីទូរស័ព្ទ · ១៥ នាទី

ដើម្បីក្លែងធ្វើតារាងពីទីវាល យើងនាំសាលាខេត្តកំពង់ឆ្នាំងចេញជា CSV ដែលមានរយៈទទឹង រយៈបណ្ដោយ។

  1. ជ្រើស Kh_School ដោយ "PROVINCE" = 'Kampong Chhnang' AND "SCHOOL_TYP" = 'Lycee G7-12'
  2. ចុចស្ដាំ → Export → Save Selected Features As៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Format Comma Separated Value [CSV]
    File name kc_lycee.csv
    CRS EPSG:4326 - WGS 84
    Layer Options → GEOMETRY AS_XY
  3. បើក kc_lycee.csv ក្នុង Notepad។ វាលថ្មី X និង Y ជា ដឺក្រេ។ តើមួយណាជារយៈបណ្ដោយ (longitude)?

សកម្មភាពទី២៖ នាំចូល CSV និងបម្លែង CRS · ២០ នាទី

  1. Layer → Add Layer → Add Delimited Text Layer៖ File kc_lycee.csv · Point coordinates · X field X · Y field Y · Geometry CRS EPSG:4326។
  2. ពិនិត្យថាចំណុចធ្លាក់ត្រូវទីតាំងលើផែនទី។ បើចំណុចធ្លាក់ក្នុងសមុទ្រនៅអាហ្វ្រិក ជាធម្មតាអ្នកប្ដូរ X និង Y ឬកំណត់ CRS ខុស។
  3. Vector → Data Management Tools → Reproject Layer៖ Target CRS EPSG:32648 → kc_lycee_utm.gpkg
  4. បើក Field Calculator លើ kc_lycee_utm បង្កើតវាល E = $x និង N = $y។ ប្រៀបធៀបកូអរដោនេពីរប្រព័ន្ធ។

កុំប្ដូរ CRS ដោយ Set CRS

Set Layer CRS គ្រាន់តែប្ដូរស្លាក CRS ដោយមិនគណនាកូអរដោនេឡើងវិញ។ ដើម្បីបម្លែងពិតប្រាកដ ត្រូវប្រើ Reproject Layer ឬ Export ជាមួយ CRS ថ្មី។ ទ្រឹស្ដី CRS យោងទៅសៀវភៅទី១។

សំណួរ៖ ហេតុអ្វីមិនអាចវាស់ចម្ងាយជាម៉ែត្រដោយផ្ទាល់លើស្រទាប់ EPSG:4326?

សកម្មភាពទី៣៖ រៀបចំទម្រង់ប្រមូលទិន្នន័យ · ២៥ នាទី

  1. Layer → Create Layer → New GeoPackage Layer៖ File field_survey.gpkg · Layer wells · Geometry Point · CRS EPSG:32648
  2. បន្ថែមវាល៖

    វាល ប្រភេទ គោលបំណង
    well_type Text ប្រភេទអណ្ដូង
    depth_m Decimal ជម្រៅ (ម)
    working Boolean ដំណើរការឬទេ
    survey_date Date ថ្ងៃស្ទង់
    surveyor Text អ្នកស្ទង់
  3. Layer Properties → Attributes Form៖

    • well_type → Widget Value Map៖ អណ្ដូងស្នប់ · អណ្ដូងជីក · អណ្ដូងស្នប់អគ្គិសនី
    • depth_m → Range ពី ០ ដល់ ២០០
    • survey_date → Default value now()
    • well_type → Constraints → Not null
  4. បើក Toggle editing ហើយបន្ថែមចំណុចសាកល្បង ៣ ដោយចុចលើផែនទី។ សាកល្បងបញ្ចូលជម្រៅ ៥០០ ហើយសង្កេតថាទម្រង់បដិសេធ។

ពីកុំព្យូទ័រទៅទូរស័ព្ទ

គម្រោងនេះអាចបើកក្នុងកម្មវិធី QField (ឥតគិតថ្លៃ) លើទូរស័ព្ទ Android ដើម្បីប្រមូលទិន្នន័យដោយប្រើ GPS ពិតប្រាកដ។ ទម្រង់ដែលអ្នករៀបចំនៅទីនេះ នឹងបង្ហាញដូចគ្នានៅលើទូរស័ព្ទ។

សកម្មភាពទី៤៖ វាយតម្លៃប្រភពទិន្នន័យ · ២០ នាទី

ប្រើ ឧបសម្ព័ន្ធ ខ បំពេញតារាងសម្រាប់ស្រទាប់បីនៃការជ្រើសរើសរបស់អ្នក៖

ស្រទាប់ អ្នកផលិត ឆ្នាំ បឋម/បន្ទាប់បន្សំ មាត្រដ្ឋាន/ភាពត្រឹមត្រូវ អាជ្ញាបណ្ណ ស័ក្ដិសមសម្រាប់អ្វី

លទ្ធផលត្រូវប្រគល់

  • kc_lycee.csv និង kc_lycee_utm.gpkg ជាមួយវាល E N។
  • field_survey.gpkg ជាមួយទម្រង់ និងចំណុចសាកល្បង ៣។
  • តារាងវាយតម្លៃប្រភពទិន្នន័យ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. តារាង kc_lycee.csv មានប៉ុន្មានជួរ (មិនរាប់ចំណងជើង)?

២. សាលា Baribo Tbaung មានរយៈទទឹង (Y) ប៉ុន្មាន? (ទសភាគ ៣ ខ្ទង់)

៣. សាលាដដែល មាន Easting (E) ក្នុង EPSG:32648 ប្រហែលប៉ុន្មានម៉ែត្រ?