Skip to content

លំហាត់ទី៧៖ ធ្វើឱ្យផែនទីក្រដាសមានទីតាំង

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៧៖ ការបំប្លែងទៅឌីជីថល និង Georeferencing ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី

ស្ថានភាព

ការិយាល័យស្រុកមានផែនទីក្រដាសចាស់នៃក្រុងកំពង់ឆ្នាំង ដែលបានស្កេនជារូបភាព JPG។ រូបភាពមិនមាន CRS ហើយរៀងខ្លួនបន្តិចពេលស្កេន។ អ្នកត្រូវដាក់វាឱ្យត្រូវទីតាំង (Georeference) ហើយគូរផ្លូវជាតិឡើងវិញជាវ៉ិចទ័រ។

គោលបំណង

  • ជ្រើស និងបញ្ចូលចំណុចបញ្ជា (GCP) ពីក្រឡាកូអរដោនេលើផែនទី។
  • ជ្រើសប្រភេទការបំប្លែង ហើយបកស្រាយកំហុស RMS។
  • គូរ (digitize) បន្ទាត់ និងពហុកោណ ដោយប្រើ Snapping។
  • ប្រៀបធៀបលទ្ធផលជាមួយទិន្នន័យដែលមានស្រាប់។

ឯកសារដែលប្រើ

ទាញយកផែនទីស្កេន (១ ១៣៩ × ១ ១៣៩ ភីកសែល · ១៨៧ KB)

ចុចស្ដាំលើប៊ូតុង → Save link as ដើម្បីរក្សាទុកក្នុងថត lab-07។

ស្រទាប់ ថត ប្រើសម្រាប់
kampong_chhnang_scan.jpg ទាញយកខាងលើ ផែនទីក្រដាសដែលត្រូវ Georeference
Kh_All_Roads_MPWT2014 Infrastructure/ ប្រៀបធៀបផ្លូវដែលគូរ
Kh_Lake_n_Mekong Water/ ប្រៀបធៀបទន្លេ

ផែនទីមានសញ្ញាបូក (+) ជាក្រឡាកូអរដោនេ UTM Zone 48N រៀងរាល់ ២ គីឡូម៉ែត្រ។ ស្លាក 464E 1356N មានន័យថា E = 464 000 ម · N = 1 356 000 ម។

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ បញ្ចូលចំណុចបញ្ជា · ៣០ នាទី

  1. កំណត់ CRS គម្រោងជា EPSG:32648 (ជ្រុងខាងក្រោមស្ដាំ)។ បន្ថែម Kh_Lake_n_Mekong ដើម្បីជាឯកសារយោង។
  2. ចូល Layer → Georeferencer → Open Raster → ជ្រើស kampong_chhnang_scan.jpg។ បើ QGIS សួរ CRS សម្រាប់រូបភាព ចុច Cancel។
  3. ពង្រីកទៅសញ្ញាបូក 462E 1360N។ ចុច Add Point ហើយចុចចំកណ្ដាលសញ្ញាបូក។ វាយ៖ X (East) = 462000 · Y (North) = 1360000 · CRS EPSG:32648។
  4. បញ្ចូល GCP យ៉ាងតិច ៨ ដែលរាយពេញផែនទី (ជ្រុងទាំងបួន និងកណ្ដាល)។
  5. Settings → Transformation Settings៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Transformation type Polynomial 1
    Resampling method Nearest neighbour
    Target CRS EPSG:32648
    Output raster kampong_chhnang_georef.tif
    Load in project when done ✓
  6. មើលតារាង GCP ខាងក្រោម៖ ជួរ Residual (pixels) និង RMS នៅរបារខាងក្រោម។ GCP ដែលមានកំហុសធំជាងគេ ត្រូវពិនិត្យ ហើយចុចម្ដងទៀត ឬលុប។

  7. ចុច Start Georeferencing (▶)។ រក្សាទុក GCP ជា lab07.points ផង។

RMS ល្អ គឺប៉ុន្មាន?

ផែនទីនេះ ១ ភីកសែល ≈ ១០ ម៉ែត្រ។ RMS ក្រោម ១ ភីកសែល គឺល្អ។ ប៉ុន្តែ RMS ទាប មិនធានាថាផែនទីត្រឹមត្រូវទេ បើ GCP ទាំងអស់ប្រមូលផ្ដុំនៅកន្លែងតែមួយ។

សកម្មភាពទី២៖ ពិនិត្យលទ្ធផល · ១៥ នាទី

  1. កំណត់ភាពថ្លា (Opacity) របស់ kampong_chhnang_georef ៦០%។
  2. ដាក់ Kh_Lake_n_Mekong និង Kh_All_Roads_MPWT2014 នៅខាងលើ។ ពិនិត្យថាទន្លេ និងផ្លូវជាតិត្រួតគ្នាឬទេ។
  3. ប្រើ Measure Line វាស់ចម្ងាយពីផ្លូវក្នុងរូបភាព ទៅផ្លូវក្នុងស្រទាប់វ៉ិចទ័រ នៅ ៣ កន្លែងផ្សេងគ្នា។

សំណួរ៖ កំហុសធំជាងគេនៅតំបន់ណា? តើនៅទីនោះមាន GCP ឬទេ?

សកម្មភាពទី៣៖ គូរផ្លូវជាតិឡើងវិញ · ៣០ នាទី

  1. បង្កើតស្រទាប់ GeoPackage digitized.gpkg · Layer main_road · LineString · EPSG:32648 · វាល name (Text)។
  2. បង្កើតស្រទាប់ទីពីរ river_island · Polygon · វាល name។
  3. Project → Snapping Options៖ បើក Snapping · Vertex · ១២ ភីកសែល · សម្រាប់ស្រទាប់ main_road និង river_island។
  4. គូរផ្លូវជាតិពណ៌ក្រហមទាំងពីរ ដែលឆ្លងកាត់ផែនទី។ ដាក់ចំណុចកំពូលនៅរាល់ពេលផ្លូវបត់។
  5. គូរកោះមួយក្នុងទន្លេជាពហុកោណ។
  6. ប្រើ Vector → Geometry Tools → Check Validity លើ river_island។
  7. គណនាប្រវែងផ្លូវ $length និងផ្ទៃកោះ $area / 10000។

សំណួរ៖ ប្រវែងផ្លូវដែលអ្នកគូរ វែងជាង ឬខ្លីជាងផ្លូវក្នុង Kh_All_Roads_MPWT2014? ហេតុអ្វី? · ចំណុចកំពូលច្រើនពេក ឬតិចពេក មានផលអ្វី?

លទ្ធផលត្រូវប្រគល់

  • kampong_chhnang_georef.tif និង lab07.points។
  • រូបថតអេក្រង់តារាង GCP ដែលមាន RMS។
  • digitized.gpkg ជាមួយ main_road និង river_island។
  • ចម្លើយសំណួរ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ផែនទីស្កេនមានសញ្ញាបូក (GCP ដែលអាចប្រើ) ប៉ុន្មាន?

២. Polynomial 1 ត្រូវការ GCP យ៉ាងតិចប៉ុន្មាន?

៣. Polynomial 2 ត្រូវការ GCP យ៉ាងតិចប៉ុន្មាន?

៤. សញ្ញាបូក 466E 1354N មានកូអរដោនេ Y (North) ប៉ុន្មានម៉ែត្រ?