Skip to content

លំហាត់ទី១០៖ តើភូមិណាខ្លះនៅឆ្ងាយពីមណ្ឌលសុខភាព?

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី១០៖ បាហ្វ័រ និងការវិភាគភាពជិត ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី

ស្ថានភាព

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងចង់ដឹងថា ភូមិណាខ្លះនៅឆ្ងាយពីមណ្ឌលសុខភាពជាង ៥ គីឡូម៉ែត្រ និងមានប្រជាជនប៉ុន្មាននាក់រស់នៅក្នុងភូមិទាំងនោះ។ លទ្ធផលនេះនឹងប្រើសម្រាប់ពិភាក្សាទីតាំងប៉ុស្តិ៍សុខភាពថ្មី។

គោលបំណង

  • បង្កើតបាហ្វ័រជុំវិញវត្ថុចំណុច និងរំលាយព្រំដែនបាហ្វ័រ។
  • ជ្រើសរើសវត្ថុតាមទីតាំងដោយប្រើទំនាក់ទំនងលំហ។
  • គណនាចម្ងាយពីវត្ថុនីមួយៗទៅវត្ថុជិតបំផុត ហើយចាត់ថ្នាក់ចម្ងាយ។
  • ពន្យល់ឥទ្ធិពលគែម (edge effect) និងដែនកំណត់នៃចម្ងាយបន្ទាត់ត្រង់។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។

ស្រទាប់ ថត ខ្លឹមសារ
Kh_Province_Boundary Admin/ ព្រំខេត្ត ២៥
Kh_Health_Center Health/ មណ្ឌលសុខភាព ៩៥៦ ទូទាំងប្រទេស
Census_Village Census_2008/ ភូមិ ១៤ ០៧៣ ជាមួយប្រជាជនឆ្នាំ ២០០៨ (TOTPOP)

ស្រទាប់ទាំងអស់ប្រើ EPSG:32648 ដែលមានឯកតាជាម៉ែត្រ។ ដូច្នេះ ចម្ងាយបាហ្វ័រអាចបញ្ចូលជាម៉ែត្រ ឬគីឡូម៉ែត្រដោយផ្ទាល់។

ពិនិត្យ CRS មុនបង្កើតបាហ្វ័រ

បើស្រទាប់ប្រើ CRS ភូមិសាស្ត្រ (ឧទាហរណ៍ EPSG:4326) ឯកតាគឺជា ដឺក្រេ មិនមែនម៉ែត្រទេ។ បាហ្វ័រ «៥» នឹងមានន័យថា ៥ ដឺក្រេ ឬប្រហែល ៥៥០ គីឡូម៉ែត្រ។ ទ្រឹស្ដី CRS យោងទៅសៀវភៅទី១។

សកម្មភាពទី១៖ រៀបចំតំបន់សិក្សា · ១៥ នាទី

  1. បង្កើតគម្រោងថ្មី ហើយរក្សាទុកជា lab-10.qgz ក្នុងថតដាច់ដោយឡែក។
  2. បន្ថែមស្រទាប់ទាំងបី ពីផ្ទាំង Browser។
  3. បើក Processing Toolbox ហើយស្វែងរក Extract by expression។
  4. ទាញខេត្តកំពង់ឆ្នាំងចេញពី Kh_Province_Boundary៖

    "ProvGis" = 'KH04'
    

    រក្សាទុកលទ្ធផលជា kc_province.gpkg។

  5. ទាញភូមិរបស់ខេត្តនេះចេញពី Census_Village ដោយប្រើលេខកូដភូមិ៖

    left("VILL_CODE", 2) = '04'
    

    រក្សាទុកជា kc_villages.gpkg។

  6. ចុចស្ដាំលើ kc_villages → Show Feature Count ហើយកត់ត្រាចំនួនភូមិ។

សំណួរ៖ ហេតុអ្វីបានជាយើងប្រើលេខកូដ VILL_CODE ជំនួសឱ្យការជ្រើសរើសភូមិតាមព្រំខេត្ត? · តើវិធីទាំងពីរអាចផ្ដល់លទ្ធផលខុសគ្នាក្នុងករណីណា?

សកម្មភាពទី២៖ បង្កើតបាហ្វ័រ ៥ គីឡូម៉ែត្រ · ១៥ នាទី

  1. ចូល Vector → Geoprocessing Tools → Buffer។
  2. កំណត់៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Input layer Kh_Health_Center (ទូទាំងប្រទេស មិនមែនតែខេត្តនេះទេ)
    Distance 5 · ឯកតា Kilometers
    Segments 5 (លំនាំដើម)
    Dissolve result ✓
  3. រក្សាទុកជា hc_buffer_5km.gpkg។

  4. ដាក់ស្រទាប់បាហ្វ័រនៅក្រោមភូមិ ហើយប្រើពណ៌ពាក់កណ្ដាលថ្លា (opacity ប្រហែល ៤០%)។
  5. ពង្រីកទៅខេត្តកំពង់ឆ្នាំង ហើយសង្កេតតំបន់ដែលគ្មានបាហ្វ័រគ្របដណ្ដប់។

សំណួរ៖ តើ Dissolve result ផ្លាស់ប្ដូរអ្វីខ្លះក្នុងតារាងគុណលក្ខណៈ? · បើមិនរំលាយ តើភូមិដែលនៅក្នុងបាហ្វ័រពីរត្រួតគ្នា នឹងត្រូវរាប់ប៉ុន្មានដង?

សកម្មភាពទី៣៖ ជ្រើសរើសភូមិនៅក្រៅបាហ្វ័រ · ១៥ នាទី

  1. ចូល Vector → Research Tools → Select by Location។
  2. កំណត់៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Select features from kc_villages
    Where the features are disjoint
    By comparing to the features from hc_buffer_5km
    Modify current selection by creating new selection
  3. កត់ត្រាចំនួនភូមិដែលបានជ្រើសរើស (មើលនៅរបារខាងក្រោម ឬចំណងជើង Attribute Table)។

  4. បើក View → Panels → Statistics។ ជ្រើស kc_villages វាល TOTPOP ហើយធីក Selected features only។ កត់ត្រាតម្លៃ Sum។
  5. ចុចស្ដាំលើ kc_villages → Export → Save Selected Features As ហើយរក្សាទុកជា kc_villages_far.gpkg។

សកម្មភាពទី៤៖ ពិនិត្យឥទ្ធិពលគែម · ១៥ នាទី

ប្រជាជនមិនស្គាល់ព្រំខេត្តទេ។ ភូមិនៅជិតព្រំខេត្ត អាចទៅមណ្ឌលសុខភាពនៅខេត្តជិតខាងបាន។ សកម្មភាពនេះវាស់ថា ការមើលរំលងមណ្ឌលសុខភាពខេត្តជិតខាង ប៉ះពាល់លទ្ធផលប៉ុណ្ណា។

  1. ចូល Vector → Research Tools → Extract by Location។ ទាញ Kh_Health_Center ដែល are within kc_province → រក្សាទុកជា kc_health_centres.gpkg។ កត់ត្រាចំនួន។
  2. បង្កើតបាហ្វ័រ ៥ គីឡូម៉ែត្រ (Dissolve) ពី kc_health_centres → kc_hc_buffer_5km.gpkg។
  3. ធ្វើ Select by Location ម្ដងទៀតដូចសកម្មភាពទី៣ ប៉ុន្តែប្រៀបធៀបជាមួយ kc_hc_buffer_5km។
  4. កត់ត្រាចំនួនភូមិ និងប្រជាជន ហើយប្រៀបធៀបជាមួយលទ្ធផលសកម្មភាពទី៣។

សំណួរ៖ តើមានភូមិប៉ុន្មាន ដែលត្រូវបានចាត់ទុកថា «ឆ្ងាយ» ដោយខុស ពេលប្រើតែមណ្ឌលសុខភាពក្នុងខេត្ត? · តើស្រុកណាដែលរងឥទ្ធិពលខ្លាំងជាងគេ ហើយហេតុអ្វី?

ផែនទីអន្តរកម្មសម្រាប់ផ្ទៀងផ្ទាត់

ប្រើផែនទីនេះ ក្រោយពេល ធ្វើសកម្មភាពទី២ និងទី៣ រួច ដើម្បីប្រៀបធៀបជាមួយលទ្ធផលក្នុង QGIS។ ចុចលើចំណុចដើម្បីមើលព័ត៌មាន ហើយប្រើប៊ូតុងស្រទាប់នៅជ្រុងខាងលើស្ដាំ ដើម្បីបិទ ឬបើកស្រទាប់។ ចុចលើផែនទីម្ដង ដើម្បីអាចពង្រីកដោយកង់កណ្ដុរ។

ប្រៀបធៀបរង្វង់បាហ្វ័រ

ផែនទីនេះប្រើបាហ្វ័រដែលមាន ១៦ ចំណិតក្នុងមួយភាគបួនរង្វង់ ដូច្នេះគែមរលោងជាងបាហ្វ័រ ៥ ចំណិតក្នុង QGIS បន្តិច។ ភូមិដែលនៅចំគែមបាហ្វ័រ អាចបង្ហាញខុសគ្នាបន្តិច។

សកម្មភាពទី៥៖ គណនាចម្ងាយទៅមណ្ឌលសុខភាពជិតបំផុត · ២០ នាទី

បាហ្វ័រប្រាប់តែ «នៅក្នុង» ឬ «នៅក្រៅ» ប៉ុណ្ណោះ។ សកម្មភាពនេះគណនាចម្ងាយពិតប្រាកដសម្រាប់ភូមិនីមួយៗ។

  1. ក្នុង Processing Toolbox ស្វែងរក Distance to nearest hub (points)។
  2. កំណត់៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Source points layer kc_villages
    Destination hubs layer Kh_Health_Center
    Hub layer name attribute FACILITNAM
    Measurement unit Kilometers
  3. រក្សាទុកជា kc_villages_dist.gpkg។ លទ្ធផលមានវាលថ្មីពីរ៖ HubName (ឈ្មោះមណ្ឌលសុខភាពជិតបំផុត) និង HubDist (ចម្ងាយ គម)។

  4. បើក Field Calculator លើ kc_villages_dist។ បង្កើតវាលអក្សរថ្មី dist_class៖

    CASE
      WHEN "HubDist" <= 2  THEN '1: 0-2 km'
      WHEN "HubDist" <= 5  THEN '2: 2-5 km'
      WHEN "HubDist" <= 10 THEN '3: 5-10 km'
      ELSE '4: >10 km'
    END
    
  5. ក្នុង Processing Toolbox ប្រើ Statistics by categories៖ វាលគណនា TOTPOP · វាលចាត់ថ្នាក់ dist_class។ បើកតារាងលទ្ធផល ហើយយក count និង sum។

  6. តម្រៀប Attribute Table តាម HubDist ពីធំទៅតូច ដើម្បីរកភូមិដែលនៅឆ្ងាយបំផុត។
  7. ដាក់និមិត្តសញ្ញា Categorized លើ dist_class ដោយប្រើពណ៌ពីស្រាលទៅដិត។

សំណួរ៖ ចំនួនភូមិលើសពី ៥ គម ក្នុងសកម្មភាពនេះ ស្មើនឹងសកម្មភាពទី៣ ឬទេ? បើខុសគ្នាមួយ ឬពីរភូមិ តើមកពីមូលហេតុអ្វី? (ជំនួយ៖ តើ Segments = 5 បង្កើតរង្វង់ពិតប្រាកដឬទេ?)

សកម្មភាពទី៦៖ ធ្វើផែនទី និងសរសេរការបកស្រាយ · ២០ នាទី

  1. បង្កើត Print Layout ទំហំ A4 ដែលមាន៖ ផែនទី kc_villages_dist តាមថ្នាក់ចម្ងាយ · មណ្ឌលសុខភាព · ព្រំខេត្ត · ចំណងជើង · សញ្ញាសម្គាល់ផែនទី · របារមាត្រដ្ឋាន · ទិសខាងជើង · ប្រភពទិន្នន័យ។ ការរចនាផែនទីយោងទៅសៀវភៅទី១។
  2. បំពេញតារាងខាងក្រោម៖

    ថ្នាក់ចម្ងាយ ចំនួនភូមិ ប្រជាជនឆ្នាំ ២០០៨ ភាគរយប្រជាជន
    ០–២ គម
    ២–៥ គម
    ៥–១០ គម
    លើស ១០ គម
    សរុប ១០០%
  3. សរសេរការបកស្រាយ ៥ ទៅ ៨ ប្រយោគ ដែលមាន៖ លទ្ធផលសំខាន់ · តំបន់ដែលខ្វះសេវាខ្លាំងជាងគេ · ឥទ្ធិពលគែមដែលបានរកឃើញ · ដែនកំណត់យ៉ាងតិចពីរ នៃការវិភាគនេះ។

គំនិតសម្រាប់ដែនកំណត់

ពិចារណាថា៖ ចម្ងាយបន្ទាត់ត្រង់ និងផ្លូវធ្វើដំណើរពិតប្រាកដ (ទន្លេ បឹង ទឹកជំនន់រដូវវស្សា) · ចំណុចភូមិមួយតំណាងឱ្យផ្ទះទាំងអស់ក្នុងភូមិ · ឆ្នាំនៃទិន្នន័យប្រជាជន និងមណ្ឌលសុខភាពមិនដូចគ្នា · មណ្ឌលសុខភាពនីមួយៗមានសមត្ថភាពខុសគ្នា។

លទ្ធផលត្រូវប្រគល់

  • គម្រោង lab-10.qgz ជាមួយស្រទាប់លទ្ធផលទាំងអស់។
  • ផែនទី A4 ជាឯកសារ PDF ឬ PNG។
  • តារាងថ្នាក់ចម្ងាយ។
  • ការបកស្រាយ ៥ ទៅ ៨ ប្រយោគ។
  • ចម្លើយសំណួរក្នុងសកម្មភាពទី១ ដល់ទី៥។

ពិនិត្យលទ្ធផលដោយខ្លួនឯង

បញ្ចូលលទ្ធផលរបស់អ្នក ហើយចុច ពិនិត្យ។ អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ មិនមែនការដាក់ពិន្ទុទេ។

១. តើខេត្តកំពង់ឆ្នាំងមានភូមិប៉ុន្មាន? (សកម្មភាពទី១)

២. តើមានភូមិប៉ុន្មាន នៅក្រៅបាហ្វ័រ ៥ គម? (សកម្មភាពទី៣)

៣. តើប្រជាជនប៉ុន្មាននាក់ រស់នៅក្នុងភូមិទាំងនោះ? (សកម្មភាពទី៣)

៤. តើមណ្ឌលសុខភាពប៉ុន្មាន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង? (សកម្មភាពទី៤)

៥. បើប្រើតែមណ្ឌលសុខភាពក្នុងខេត្ត តើមានភូមិប៉ុន្មាននៅក្រៅបាហ្វ័រ? (សកម្មភាពទី៤)

៦. តើមានភូមិប៉ុន្មានក្នុងថ្នាក់ ៥–១០ គម? (សកម្មភាពទី៥)

៧. តើភូមិណា (ឈ្មោះជាអក្សរឡាតាំង) នៅឆ្ងាយពីមណ្ឌលសុខភាពជាងគេ? (សកម្មភាពទី៥)

៨. តើភូមិនោះនៅឆ្ងាយប៉ុន្មានគីឡូម៉ែត្រ? (ទសភាគ ១ ខ្ទង់)


ប្រភពទិន្នន័យ៖ NIS (ជំរឿនប្រជាជនទូទៅ ២០០៨) · មណ្ឌលសុខភាព (សំណុំទិន្នន័យ Cambodia) · ផែនទីមូលដ្ឋាន © អ្នករួមចំណែក OpenStreetMap