Skip to content

សៀវភៅណែនាំ LEE RS Lab

សៀវភៅណែនាំ LEE RS Lab

ទាញយក

  • កម្មវិធីជំនួយ QGIS៖ ស្វែងរក LEE RS Lab ក្នុង Plugins › Manage and Install Plugins (ឬ lee_rs_lab.zip)
  • សៀវភៅជា PDF (បោះពុម្ព ឬអានគ្មានអ៊ីនធឺណិត)៖ lee-rs-lab-manual-km.pdf
  • កូដប្រភព៖ github.com/khgeo/lee-rs-lab

YAM Sarath (យាំ សារដ្ឋ) · LEE RS Lab 2.4.0 · QGIS 3.22–3.44

សេចក្ដីផ្ដើម

LEE RS Lab ជាកម្មវិធីជំនួយ (Plugin) QGIS សម្រាប់ការយកព័ត៌មានពីចម្ងាយ ដែលដំណើរការលើកុំព្យូទ័ររបស់អ្នកផ្ទាល់ ដោយមិនចាំបាច់មានគណនី ឬចូល (login) ទេ។ LEE មកពី Local Earth Engine — គណនាបែប Google Earth Engine ប៉ុន្តែនៅលើម៉ាស៊ីនរបស់អ្នក ជាមួយទិន្នន័យឥតគិតថ្លៃពី Microsoft Planetary Computer និង Earth Search (AWS)។

សៀវភៅណែនាំនេះប្រើឧទាហរណ៍ពិតមួយ៖ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (464.6 គ.ម²) ដែលមានទន្លេសាបហូរកាត់កណ្ដាល ជាមួយរូបភាព Landsat 9 ខែមករា–ឧសភា ឆ្នាំ 2026 និង Landsat 8 ឆ្នាំ 2020 សម្រាប់ការប្រែប្រួល។ មេរៀនទី 14–15 នៅប្រើឧទាហរណ៍ឃុំមហាខ្ញូង ខេត្តកំពង់ចាម ពីកំណែមុន។

អ្វីដែលត្រូវមាន

  • QGIS 3.22 ឬថ្មីជាងនេះ (រូបថតក្នុងសៀវភៅនេះប្រើ QGIS 3.44 លើ macOS)
  • អ៊ីនធឺណិត ដើម្បីទាញយករូបភាព និងព្រំដែនរដ្ឋបាល
  • កម្មវិធីជំនួយ (Plugin) LEE RS Lab ពីបណ្ណាល័យកម្មវិធីជំនួយរបស់ QGIS (មើលខាងក្រោម)

ការដំឡើង

  1. បើក QGIS → Plugins › Manage and Install Plugins…
  2. ក្នុងផ្ទាំង Settings ធីក Show also experimental plugins។ (LEE RS Lab ស្ថិតក្នុងកំណែសាកល្បង (experimental) នៅឡើយ។)
  3. ក្នុងផ្ទាំង All វាយ LEE RS Lab ក្នុងប្រអប់ស្វែងរក ជ្រើសវា រួចចុច Install Plugin។
  4. រូបតំណាង LEE RS Lab លេចឡើងលើរបារឧបករណ៍។ ចុចវាដើម្បីបើកផ្ទាំង។ ចុចម្ដងទៀត (ពេលផ្ទាំងនៅខាងមុខ) ដើម្បីបិទ។

ពេលមានកំណែថ្មី QGIS ជូនដំណឹងដោយខ្លួនឯង ហើយអ្នកអាចចុច Upgrade Plugin នៅកន្លែងដដែល។

គ្មានអ៊ីនធឺណិតល្អនៅក្នុងថ្នាក់? ទាញយក lee_rs_lab.zip ពី GitHub Releases ជាមុន ហើយប្រើ Install from ZIP ក្នុងផ្ទាំងដដែលជំនួសវិញ។

ផ្ទាំងបញ្ជា

ផ្នែកខាងលើនៃផ្ទាំងមាន៖ ប្រអប់ មូលដ្ឋាន / កម្រិតខ្ពស់ (កំណែ 2.4.0), ការជ្រើសភាសា English / ខ្មែរ (Khmer), ប៊ូតុងផែនទីមូលដ្ឋាន (Google Satellite, Esri, OSM…), ប៊ូតុង ជំនួយ និង PDF (របាយការណ៍)។ បន្ទាត់ខាងក្រោមបង្ហាញស្ថានភាព ឬសារចុងក្រោយ។

ការងារត្រូវបានចែកជា ៥ ផ្ទាំង។ ផ្ទាំងនីមួយៗមានផ្នែកបត់បាន ដែលបើកម្ដងមួយ។ ក្នុងរបៀប មូលដ្ឋាន (លំនាំដើម) ផ្នែកដែលមានសញ្ញា ★ ត្រូវបានលាក់ ដើម្បីឲ្យផ្ទាំងសាមញ្ញសម្រាប់អ្នកចាប់ផ្ដើម — ប្ដូរទៅ កម្រិតខ្ពស់ ដើម្បីបង្ហាញវាវិញ (គ្មានមុខងារណាត្រូវបានលុបទេ)៖

ផ្ទាំង ផ្នែក
1 ទិន្នន័យ តំបន់សិក្សា · រូបភាព — ស្វែងរករូបភាព · ផ្សំរូបភាព និងទាញយក · សំណុំទិន្នន័យផ្សេងទៀត · ការរៀបចំ
2 កែលម្អ បន្សំប៊ែន និងការលាតពន្លឺ · សន្ទស្សន៍វិសាលគម · តម្រងលំហ ★ · PCA ★
3 ចាត់ថ្នាក់ ថ្នាក់ (តារាងសម្គាល់) · មិនណែនាំ (K-means; ISODATA ★) · មានណែនាំ (🪄 ដំបងវេទមន្ត · Random Forest; ក្បួនដោះស្រាយផ្សេង ហត្ថលេខា WorldCover ★) · ភាពត្រឹមត្រូវ · សម្អាត និងនាំចេញជាពហុកោណ ★ · ប្លង់ផែនទី
4 ការប្រែប្រួល ពី → ទៅ · ការដករូបភាព · ដ្យាក្រាម Sankey
5 LEE ★ ស្គ្រីបបែប Earth Engine ៣២ ឧទាហរណ៍

ផ្នែកនីមួយៗមានប៊ូតុង 📖 មេរៀន ដែលពន្យល់ទ្រឹស្ដីខ្លីៗ។ ប្រើវាពេលបង្រៀនក្នុងថ្នាក់។

លំហូរការងារធម្មតា៖ កំណត់តំបន់សិក្សា → ទាញយករូបភាព → កែលម្អ និងគណនាសន្ទស្សន៍ → ចាត់ថ្នាក់ → វាយតម្លៃភាពត្រឹមត្រូវ → រកការប្រែប្រួល។

របៀបអានរូបភាពក្នុងសៀវភៅនេះ៖ រង្វង់ក្រហមមានលេខ ❶ ❷ ❸ … = លេខជំហានក្នុងអត្ថបទ ហើយប្រអប់ក្រហមបង្ហាញកន្លែងត្រូវចុច ឬកំណត់។ ប្រអប់ពណ៌លឿង = កន្លែងមើលលទ្ធផល។ ចុចលើរូបដើម្បីពង្រីក។

មាតិកា

  1. កំណត់តំបន់សិក្សា (AOI)
  2. ស្វែងរករូបភាពផ្កាយរណប
  3. ផ្សំរូបភាព និងទាញយក
  4. សំណុំទិន្នន័យផ្សេងទៀត និងការរៀបចំ
  5. បន្សំប៊ែន និងការលាតពន្លឺ
  6. សន្ទស្សន៍វិសាលគម (NDVI, MNDWI)
  7. តម្រងលំហ និង PCA
  8. ថ្នាក់ និងចំណាត់ថ្នាក់មិនណែនាំ (K-means)
  9. ចំណាត់ថ្នាក់មានណែនាំ៖ បង្កើតទិន្នន័យហ្វឹកហាត់
  10. ហត្ថលេខាវិសាលគម និងចំណាត់ថ្នាក់ Random Forest
  11. ការវាយតម្លៃភាពត្រឹមត្រូវ
  12. សម្អាតផែនទី នាំចេញពហុកោណ និងប្លង់ផែនទី
  13. ការប្រែប្រួល ពី → ទៅ (2020 → 2026) និងដ្យាក្រាម Sankey
  14. ស្គ្រីប LEE (Local Earth Engine)
  15. របាយការណ៍ PDF