Skip to content

លំហាត់ទី១៥៖ រៀបចំ ចែករំលែក និងចាប់ផ្ដើមគម្រោងបញ្ចប់វគ្គ

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី១៥៖ ការគ្រប់គ្រងគម្រោង ការចែករំលែក និងគម្រោងបញ្ចប់វគ្គ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១២០ នាទី

ស្ថានភាព

អ្នកបានធ្វើលំហាត់ ១៤ ហើយ។ ឥឡូវនេះ អ្នកត្រូវផ្ញើគម្រោងមួយទៅមិត្តរួមក្រុម ដែលប្រើកុំព្យូទ័រផ្សេង។ ពេលគេបើក ស្រទាប់ទាំងអស់ត្រូវតែបង្ហាញ ដោយមិនមានសញ្ញាក្រហម «Unavailable layer»។ បន្ទាប់មក អ្នកចាប់ផ្ដើមគម្រោងបញ្ចប់វគ្គរបស់ខ្លួន។

គោលបំណង

  • រៀបចំរចនាសម្ព័ន្ធថត និងឈ្មោះឯកសារដែលមានស្តង់ដារ។
  • ប្រើផ្លូវ relative និងខ្ចប់ស្រទាប់ទៅក្នុង GeoPackage តែមួយ។
  • ជួសជុលស្រទាប់ដែលបាត់ (Handle Unavailable Layers)។
  • សរសេរសំណើគម្រោងបញ្ចប់វគ្គ ដែលមានសំណួរ ទិន្នន័យ វិធីសាស្ត្រ និងផែនការពេល។

ឯកសារដែលប្រើ

គម្រោង លំហាត់ទី១០ ឬ លំហាត់ទី១១ របស់អ្នក។

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ រចនាសម្ព័ន្ធថត · ២០ នាទី

បង្កើតរចនាសម្ព័ន្ធនេះ ហើយផ្លាស់ទីឯកសារលំហាត់ទី១០ ចូល៖

D:/GIS/lab10_health_access/
├── lab10_health_access.qgz
├── data/
│   ├── raw/          ទិន្នន័យដើម (មិនកែ)
│   └── processed/    លទ្ធផលពី Processing
├── maps/             PDF PNG
├── docs/             របាយការណ៍ មេតាទិន្នន័យ
└── README.txt

ក្បួនដាក់ឈ្មោះ៖ អក្សរតូច · គ្មានដកឃ្លា · គ្មានអក្សរខ្មែរ · អ្វី_កន្លែង_ឆ្នាំ ឧ. villages_far_kc_2008.gpkg

សកម្មភាពទី២៖ ផ្លូវ relative និងស្រទាប់ដែលបាត់ · ២០ នាទី

  1. Project → Properties → General → Save paths → Relative។ រក្សាទុកគម្រោង។
  2. បិទ QGIS។ ប្ដូរឈ្មោះថត data/processed ទៅ data/output។ បើកគម្រោងម្ដងទៀត។
  3. ក្នុងប្រអប់ Handle Unavailable Layers ចុច Auto-Find ឬ Browse ដើម្បីជួសជុល។ រក្សាទុក។
  4. ចម្លងថតទាំងមូលទៅ USB ឬថតផ្សេង ហើយបើកគម្រោងពីទីនោះ។ តើស្រទាប់នៅតែបង្ហាញឬទេ?

សំណួរ៖ ហេតុអ្វីផ្លូវ absolute (C:/Users/...) ធ្វើឱ្យគម្រោងខូចពេលផ្ញើទៅអ្នកផ្សេង?

សកម្មភាពទី៣៖ ខ្ចប់គម្រោង · ២០ នាទី

  1. Processing → Package layers៖ ជ្រើសស្រទាប់វ៉ិចទ័រទាំងអស់ · Destination lab10_package.gpkg · ធីក Save layer styles into GeoPackage។
  2. បង្កើតគម្រោងថ្មី បន្ថែមស្រទាប់ពី lab10_package.gpkg ហើយពិនិត្យថានិមិត្តសញ្ញានៅដដែល។
  3. Project → Save To → GeoPackage → ជ្រើស lab10_package.gpkg។ ឥឡូវនេះ ទិន្នន័យ រចនាប័ទ្ម និងគម្រោង ស្ថិតក្នុងឯកសារតែមួយ។
  4. សរសេរ README.txt៖ ចំណងជើង · អ្នកធ្វើ · ថ្ងៃ · CRS · ប្រភពទិន្នន័យ · របៀបបើក · ឯកសារនីមួយៗមានអ្វី។

ចែករំលែកផែនទីលើអ៊ីនធឺណិត

ដើម្បីចែករំលែកផែនទីអន្តរកម្ម (ដូចផែនទីក្នុងសៀវភៅនេះ) ដំឡើង Plugin qgis2web ហើយនាំចេញជាទំព័រ Leaflet។ ទំព័រនោះអាចដាក់លើ GitHub Pages ដោយឥតគិតថ្លៃ។ ត្រូវប្រាកដថាទិន្នន័យអាចផ្សព្វផ្សាយបាន (អាជ្ញាបណ្ណ និងឯកជនភាព)។

សកម្មភាពទី៤៖ សំណើគម្រោងបញ្ចប់វគ្គ · ៥០ នាទី

សរសេរសំណើ ១ ទៅ ២ ទំព័រ ដោយប្រើគំរូខាងក្រោម។

ផ្នែក ខ្លឹមសារ ឧទាហរណ៍
ចំណងជើង ខ្លី ច្បាស់ មានទីកន្លែង ភាពងាយស្រួលទៅសាលាមធ្យមសិក្សា ខេត្តកំពង់ស្ពឺ
សំណួរស្រាវជ្រាវ ១ សំណួរធំ + ២ ទៅ ៣ សំណួររង ដែលឆ្លើយបានដោយ GIS តើភូមិណាខ្លះនៅឆ្ងាយពីអនុវិទ្យាល័យជាង ៥ គម?
តំបន់សិក្សា ខេត្ត ស្រុក ឬឃុំ និងហេតុផល
ទិន្នន័យ ស្រទាប់ ប្រភព ឆ្នាំ CRS បញ្ហាគុណភាពដែលដឹង Kh_School Census_Village
វិធីសាស្ត្រ ជំហាន និងឧបករណ៍ QGIS (យោងលំហាត់) Buffer · Distance to nearest hub · Zonal statistics
លទ្ធផលរំពឹងទុក ផែនទី តារាង ចម្លើយសំណួរ
ដែនកំណត់ យ៉ាងតិច ២ ចម្ងាយបន្ទាត់ត្រង់ · ទិន្នន័យឆ្នាំ ២០០៨
ផែនការពេល សប្ដាហ៍នីមួយៗធ្វើអ្វី

លក្ខណៈវិនិច្ឆ័យវាយតម្លៃគម្រោងបញ្ចប់វគ្គ

លក្ខណៈវិនិច្ឆ័យ ពិន្ទុ ល្អណាស់
សំណួរ និងតំបន់សិក្សា ១០ សំណួរច្បាស់ អាចវាស់បាន ពាក់ព័ន្ធនឹងកម្ពុជា
ទិន្នន័យ និងគុណភាព ១៥ ប្រភពច្បាស់ ពិនិត្យ និងកត់ត្រាកំហុស
វិធីសាស្ត្រវិភាគ ២៥ ឧបករណ៍ត្រឹមត្រូវ ជំហានអាចធ្វើឡើងវិញបាន
ផែនទី ២០ ធាតុផែនទីពេញលេញ អានងាយ មិនបំភាន់
ការបកស្រាយ និងដែនកំណត់ ២០ សន្និដ្ឋានផ្អែកលើលទ្ធផល ពន្យល់ដែនកំណត់ដោយស្មោះត្រង់
ការរៀបចំគម្រោង ១០ ថត ឈ្មោះ ផ្លូវ relative README ខ្ចប់រួច
សរុប ១០០

លទ្ធផលត្រូវប្រគល់

  • ថតគម្រោងលំហាត់ទី១០ ដែលរៀបចំឡើងវិញ ជាមួយ README.txt។
  • lab10_package.gpkg ដែលមានគម្រោង និងរចនាប័ទ្ម។
  • សំណើគម្រោងបញ្ចប់វគ្គ ១ ទៅ ២ ទំព័រ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. Shapefile មួយត្រូវការឯកសារយ៉ាងតិចប៉ុន្មាន (.shp .shx .dbf)?

២. ឈ្មោះវាលក្នុង Shapefile វែងបំផុតប៉ុន្មានតួអក្សរ?

៣. ជម្រើស Save paths ណាដែលធ្វើឱ្យគម្រោងចល័តបាន?