Skip to content

មេរៀនទី១១៖ ការត្រួតស្រទាប់ និង Spatial join

ព័ត៌មានមេរៀន

រយៈពេលបង្រៀនដែលស្នើ៖ ៣ ម៉ោង · មេរៀនទី ១១ ក្នុងចំណោម ១៥

ស្លាយបង្រៀនមេរៀននេះ

គំនិតដើមនៃ GIS គឺការដាក់ផែនទីច្រើនលើគ្នា ដើម្បីរកកន្លែងដែលលក្ខខណ្ឌច្រើនកើតឡើងព្រមគ្នា។ មុនមានកុំព្យូទ័រ អ្នករៀបចំផែនការប្រើក្រដាសថ្លាដាក់លើតុភ្លើង។ ឥឡូវ យើងធ្វើវាដោយ ការត្រួតស្រទាប់ (Overlay)។

មេរៀននេះបង្រៀនប្រតិបត្តិការត្រួតស្រទាប់វ៉ិចទ័រ និង Spatial join ដែលផ្ទេរគុណលក្ខណៈតាមទីតាំង។ យើងនឹងឃើញថា ឧបករណ៍ទាំងពីរមើលទៅស្រដៀង ប៉ុន្តែឆ្លើយសំណួរខុសគ្នា ហើយការប្រើខុសអាចផ្ដល់ចម្លើយធំជាងការពិតបួនដង។


១១.១. គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

  1. ពន្យល់ប្រតិបត្តិការ Intersection Union Difference Symmetrical difference និង Clip រួមទាំងធរណីមាត្រ និងគុណលក្ខណៈលទ្ធផល។
  2. បង្កើតស្រទាប់ការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ ពីស្រទាប់ពីរឆ្នាំ។
  3. ពន្យល់ថាហេតុអ្វីត្រូវគណនាផ្ទៃឡើងវិញក្រោយការត្រួតស្រទាប់។
  4. ពន្យល់ Spatial join ទំនាក់ទំនងមួយទល់ច្រើន និងការសង្ខេប។
  5. ជ្រើសរវាងការត្រួតស្រទាប់ និង Spatial join តាមសំណួរ។

ចំណេះដឹងមុនត្រូវមាន

  • ខ្លឹមសារមេរៀនទី៥៖ ការភ្ជាប់តារាង និងទំនាក់ទំនងមួយទល់ច្រើន។
  • ខ្លឹមសារមេរៀនទី៩៖ ទំនាក់ទំនងលំហ។

១១.២. ស្ថានភាពបើកមេរៀន៖ ព្រៃឈើកោះកុងបាត់បង់ទៅណា?

ខេត្តកោះកុងមានស្រទាប់ក្រប់ដីពីរឆ្នាំ៖ ១៩៩៧ និង ២០១៥។ ពេលមើលផែនទីទាំងពីរក្បែរគ្នា ភ្នែកឃើញថាពណ៌បៃតងថយចុះ។ ប៉ុន្តែអង្គការបរិស្ថានត្រូវការចម្លើយជាលេខ៖

  1. ព្រៃឈើប៉ុន្មានហិកតា ប្ដូរទៅជាក្រប់ដីអ្វីខ្លះ?
  2. តំបន់ការពារបាត់បង់ព្រៃតិចជាងតំបន់ក្រៅតំបន់ការពារឬទេ?
  3. ឃុំណាបាត់បង់ព្រៃច្រើនជាងគេ?

និស្សិតម្នាក់ប្រើ Spatial join ដើម្បីឆ្លើយសំណួរទី៣ ហើយបានលទ្ធផលថា ឃុំជាច្រើនបាត់បង់ព្រៃ ១៥៩ ៨៨៦ ហ.ត ស្មើគ្នា ដែលជាផ្ទៃបាត់បង់ទាំងខេត្ត។

សំណួរដែលមេរៀននេះឆ្លើយ៖

  • ប្រតិបត្តិការត្រួតស្រទាប់នីមួយៗផ្ដល់លទ្ធផលអ្វី?
  • ហេតុអ្វី Spatial join ផ្ដល់ចម្លើយខុសក្នុងករណីនេះ?
  • តើត្រូវប្រៀបធៀបផែនទីពីរឆ្នាំដោយស្មោះត្រង់ដូចម្ដេច?

១១.៣. ទ្រឹស្ដីស្នូល

១១.៣.១. ប្រតិបត្តិការត្រួតស្រទាប់

ការត្រួតស្រទាប់វ៉ិចទ័របង្កើត ធរណីមាត្រថ្មី ពីស្រទាប់បញ្ចូល (A) និងស្រទាប់ត្រួត (B)។

ប្រតិបត្តិការ ធរណីមាត្រលទ្ធផល គុណលក្ខណៈលទ្ធផល សំណួរឧទាហរណ៍
Intersection តែផ្ទៃរួម A ∩ B ពី A និង B ព្រៃណាខ្លះនៅក្នុងតំបន់ការពារ?
Clip តែផ្ទៃរួម A ∩ B ពី A តែប៉ុណ្ណោះ កាត់ក្រប់ដីឱ្យនៅត្រឹមព្រំខេត្ត
Union ផ្ទៃទាំងអស់ A ∪ B បំបែកតាមព្រំទាំងពីរ ពីទាំងពីរ (NULL កន្លែងមិនត្រួត) បញ្ចូលស្រទាប់ពីរដោយរក្សាផ្ទៃទាំងអស់
Difference A ដែលនៅក្រៅ B ពី A ព្រៃណាខ្លះនៅក្រៅតំបន់ការពារ?
Symmetrical difference ផ្ទៃដែលមានក្នុងស្រទាប់តែមួយ ពីទាំងពីរ កន្លែងណាដែលផែនទីពីរមិនយល់ស្រប?

ABIntersectionវាល A + BABUnionវាល A + B (NULL)ABDifferenceវាល AABSym. differenceវាល A + BABClipវាល A តែប៉ុណ្ណោះ

រូបទី១១.១៖ ប្រតិបត្តិការត្រួតស្រទាប់ទាំងប្រាំ៖ ពណ៌បៃតង = ធរណីមាត្រលទ្ធផល។ Intersection និង Clip មានធរណីមាត្រដូចគ្នា ប៉ុន្តែគុណលក្ខណៈខុសគ្នា។

ពិសោធន៍៖ ប្រតិបត្តិការត្រួតស្រទាប់

ចុចប្រតិបត្តិការនីមួយៗ ហើយប្រៀបធៀបធរណីមាត្រ និងវាលក្នុងលទ្ធផល។ អូស B ឱ្យចេញពី A ទាំងស្រុង ហើយពិនិត្យលទ្ធផល Intersection និង Difference។

គណនាផ្ទៃឡើងវិញជានិច្ច

ការត្រួតស្រទាប់ចម្លងតម្លៃគុណលក្ខណៈពីស្រទាប់ដើម ទាំងតម្លៃចាស់។ បើស្រទាប់ A មានវាល area_ha = ១ ០១៧ ១២៩ (ព្រៃទាំងមូល) ពហុកោណតូចៗក្នុងលទ្ធផលនៅតែមានតម្លៃ ១ ០១៧ ១២៩។ ត្រូវគណនា $area ឡើងវិញក្រោយការត្រួតស្រទាប់។

១១.៣.២. ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ

ពេល Intersection ក្រប់ដីឆ្នាំ ១ និងឆ្នាំ ២ ពហុកោណលទ្ធផលនីមួយៗមានថ្នាក់ពីរ៖ LC97 និង LC15។ ដោយបូកផ្ទៃតាមគូថ្នាក់ យើងបាន ម៉ាទ្រីសផ្លាស់ប្ដូរ (Change matrix)៖

  • ជួរដេក = ថ្នាក់ឆ្នាំដំបូង · ជួរឈរ = ថ្នាក់ឆ្នាំក្រោយ
  • អង្កត់ទ្រូង = ផ្ទៃដែលមិនប្ដូរ
  • ក្រៅអង្កត់ទ្រូង = ការផ្លាស់ប្ដូរពីថ្នាក់មួយទៅថ្នាក់មួយ
  • ផលបូកជួរដេក = ផ្ទៃថ្នាក់ឆ្នាំដំបូង · ផលបូកជួរឈរ = ផ្ទៃថ្នាក់ឆ្នាំក្រោយ

ម៉ាទ្រីសបង្ហាញអ្វីដែលតួលេខសរុបលាក់៖ ផ្ទៃព្រៃអាចថយតិច ប៉ុន្តែការបាត់បង់ និងការកើតឡើងវិញច្រើនអាចកើតនៅកន្លែងផ្សេងគ្នា។

ប្រុងប្រយ័ត្ន៖ ផែនទីពីរឆ្នាំត្រូវមាន ថ្នាក់ដូចគ្នា វិសាលភាពដូចគ្នា និងវិធីផលិតស្រដៀងគ្នា។ បើមិនដូច្នោះទេ ម៉ាទ្រីសវាស់ភាពខុសគ្នានៃផែនទី មិនមែនការផ្លាស់ប្ដូរលើដី (មេរៀនទី៨)។

ឆ្នាំ ២០១៥ →១៩៩៧ ↓ព្រៃកសិកម្មទឹកព្រៃ៨៥៧៧៦២៣កសិកម្ម៥២៤១ទឹក២០១០ពាន់ហិកតា (កោះកុង · បង្រួម)អង្កត់ទ្រូង = មិនប្ដូរក្រៅអង្កត់ទ្រូង = ប្ដូរពីជួរដេក ទៅជួរឈរផលបូកជួរដេក = ផ្ទៃឆ្នាំ ១៩៩៧ផលបូកជួរឈរ = ផ្ទៃឆ្នាំ ២០១៥

រូបទី១១.២៖ កាយវិភាគម៉ាទ្រីសផ្លាស់ប្ដូរ៖ ជួរដេកជាថ្នាក់ឆ្នាំដំបូង ជួរឈរជាថ្នាក់ឆ្នាំក្រោយ។ តួលេខបង្រួមពីក្រប់ដីខេត្តកោះកុង (ថ្នាក់តែ ៣)។

១១.៣.៣. Spatial join

Spatial join ផ្ទេរ គុណលក្ខណៈ ពីស្រទាប់មួយទៅស្រទាប់មួយទៀត ដោយផ្អែកលើទំនាក់ទំនងលំហ មិនមែនលើវាលរួមទេ។ ធរណីមាត្រនៃស្រទាប់គោលដៅមិនប្ដូរ។

សំណួរ ស្រទាប់គោលដៅ ទំនាក់ទំនង លទ្ធផល
សាលានីមួយៗនៅឃុំណា? សាលា within ឃុំ សាលាទទួលឈ្មោះឃុំ (ច្រើនទល់មួយ)
ឃុំនីមួយៗមានសាលាប៉ុន្មាន? ឃុំ contains សាលា ឃុំទទួលចំនួន (មួយទល់ច្រើន → សង្ខេប)
មណ្ឌលសុខភាពជិតបំផុតនៃភូមិ? ភូមិ nearest ភូមិទទួលឈ្មោះ និងចម្ងាយ

ក្នុង QGIS៖ Join attributes by location (មួយទល់មួយ ឬច្រើនជួរ) និង Join attributes by location (summary) (រាប់ បូក មធ្យម សម្រាប់មួយទល់ច្រើន)។

១១.៣.៤. ពេលណាប្រើការត្រួតស្រទាប់ ពេលណាប្រើ Spatial join

ក្បួនសម្រេច៖

  • សំណួរអំពី ផ្ទៃ ឬប្រវែងដែលត្រួតគ្នា («ព្រៃប៉ុន្មានហិកតាក្នុងឃុំនីមួយៗ?» «ផ្លូវប៉ុន្មានគីឡូម៉ែត្រក្នុងឃុំ?») → ការត្រួតស្រទាប់ រួចគណនាផ្ទៃ ឬប្រវែងឡើងវិញ។
  • សំណួរអំពី ការផ្ទេរឈ្មោះ ឬរាប់វត្ថុ («សាលានៅឃុំណា?» «ឃុំមានសាលាប៉ុន្មាន?») → Spatial join។

Spatial join summary បូក តម្លៃទាំងមូល នៃវត្ថុដែលប៉ះ មិនមែនផ្នែកដែលត្រួតទេ។ បើពហុកោណ «ព្រៃ → កសិកម្ម» ដ៏ធំមួយប៉ះឃុំ ២៩ ឃុំ ឃុំនីមួយៗនឹងទទួលផ្ទៃទាំងមូលនៃពហុកោណនោះ។

Spatial join (summary)ឃុំ កឃុំ ខព្រៃបាត់ ១០០ ហ.តឃុំ ក៖ ១០០ ហ.តឃុំ ខ៖ ១០០ ហ.តសរុប ២០០ ✗Intersection + $areaឃុំ កឃុំ ខ៦០ | ៤០ឃុំ ក៖ ៦០ ហ.តឃុំ ខ៖ ៤០ ហ.តសរុប ១០០ ✓

រូបទី១១.៣៖ ពហុកោណបាត់បង់ព្រៃមួយ (១០០ ហ.ត) ឆ្លងកាត់ឃុំពីរ។ Spatial join ផ្ដល់ផ្ទៃទាំងមូលដល់ឃុំនីមួយៗ ឯ Intersection កាត់ផ្ទៃតាមឃុំ។

១១.៣.៥. ធាតុផ្សំនៃការត្រួតស្រទាប់ល្អ

មុនត្រួតស្រទាប់ ពិនិត្យ៖

  1. CRS ដូចគ្នា និងមានឯកតាម៉ែត្រ ដើម្បីគណនាផ្ទៃ។
  2. ធរណីមាត្រត្រឹមត្រូវ៖ ពហុកោណមិនត្រឹមត្រូវធ្វើឱ្យឧបករណ៍បរាជ័យ ឬផ្ដល់លទ្ធផលខុស (Fix geometries)។
  3. វិសាលភាពដូចគ្នា៖ Clip តាមតំបន់សិក្សាជាមុន។
  4. ចន្លោះស្ដើង (Sliver)៖ ព្រំដែនពីរស្រទាប់ដែលគួរតែដូចគ្នា ប៉ុន្តែគូសខុសគ្នាបន្តិច បង្កើតពហុកោណតូចស្ដើងរាប់ពាន់ ដែលមិនមែនជាការផ្លាស់ប្ដូរពិត។ អាចលុបពហុកោណតូចជាងកម្រិតមួយ (ឧ. ផ្ទៃផែនទីតូចបំផុតនៃប្រភព)។
  5. ពេលវេលា៖ ព្រំតំបន់ការពារឆ្នាំ ២០១៨ ជាមួយការផ្លាស់ប្ដូរ ១៩៩៧–២០១៥ មិនប្រាប់ពីឥទ្ធិពលនៃការការពារក្នុងរយៈពេលនោះទេ។

១១.៤. ឧទាហរណ៍ដែលបានដោះស្រាយ៖ ការបាត់បង់ព្រៃឈើខេត្តកោះកុង ១៩៩៧–២០១៥

យើងប្រើ KKG_LC1997 KKG_LC2015 Kh_PA_MOE2018 និង Kh_Commune_area (ដូចលំហាត់ទី១១)។

ជំហានទី១៖ Clip តាមព្រំខេត្ត

ស្រទាប់ក្រប់ដីមានផ្ទៃ ១ ២៦៤ ១៧២ ហ.ត ឯខេត្តមាន ១ ០៩៧ ២០២ ហ.ត។ ផ្ទៃ ១៦៦ ៩៧៥ ហ.ត ស្ថិតក្នុងខេត្តពោធិ៍សាត់ ព្រះសីហនុ និងកំពង់ស្ពឺ។ ក្រោយ Clip ព្រៃឈើ៖ ១៩៩៧ = ១ ០១៧ ១២៩ ហ.ត · ២០១៥ = ៨៧១ ១៤៧ ហ.ត (−១៤,៤%)។

ផែនទីអន្តរកម្ម៖ ក្រប់ដីកោះកុង ១៩៩៧ | ២០១៥

រំកិលបន្ទាត់ពណ៌ស ដើម្បីប្រៀបធៀបឆ្នាំទាំងពីរ។

ជំហានទី២៖ Intersection និងម៉ាទ្រីស

Intersection ផ្ដល់ ២៥ វត្ថុ។ ក្រោយគណនាផ្ទៃឡើងវិញ ជួរ «ព្រៃឈើ ១៩៩៧»៖

២០១៥ → ព្រៃឈើ កសិកម្ម ដីទំនេរ ទឹក ទីក្រុង
ព្រៃឈើ ១៩៩៧ ៨៥៧ ២៤៤ ៧៥ ៩៨០ ៥៦ ៣៦០ ២៣ ០៩៧ ៤ ៤៤៩

ព្រៃបាត់បង់សរុប ១៥៩ ៨៨៦ ហ.ត ឯព្រៃកើតវិញ ១៣ ៩០៣ ហ.ត។

ជំហានទី៣៖ តំបន់ការពារ

Intersection ការបាត់បង់ជាមួយតំបន់ការពារ៖ ក្នុង ១០១ ២៨៤ ហ.ត · ក្រៅ ៥៨ ៦០២ ហ.ត។ ចំនួនដុលបង្ហាញថាក្នុងតំបន់ការពារបាត់បង់ច្រើនជាង។ ប៉ុន្តែតំបន់ការពារមានព្រៃឆ្នាំ ១៩៩៧ ៩០៨ ៤១០ ហ.ត ឯក្រៅមានតែ ១០៨ ៧១៨ ហ.ត។ អត្រាបាត់បង់៖ ក្នុង ១១,១% · ក្រៅ ៥៣,៩%។

ជំហានទី៤៖ ឃុំ៖ Spatial join ទល់នឹង ការត្រួតស្រទាប់

Join attributes by location (summary) បូកផ្ទៃពហុកោណបាត់បង់ទាំង ៤ ដែលប៉ះឃុំ៖ ឃុំជាច្រើនបាន ១៥៩ ៨៨៦ ហ.ត ហើយផលបូកទាំង ២៩ ឃុំ = ៤ ២៦៨ ៤៨៨ ហ.ត ធំជាងខេត្តបួនដង។ Intersection ជាមួយឃុំ រួចគណនាផ្ទៃ ផ្ដល់ផលបូក ១៥៩ ៨៨៧ ហ.ត ដែលត្រឹមត្រូវ ហើយឃុំដងពែងបាត់បង់ច្រើនជាងគេ ២៤ ៨៥៧ ហ.ត។

ផែនទីអន្តរកម្ម៖ ព្រៃបាត់បង់ និងតំបន់ការពារ

បើកស្រទាប់ «ភាគរយបាត់បង់ព្រៃតាមឃុំ» ពីប៊ូតុងស្រទាប់ ដើម្បីមើលលទ្ធផលតាមឃុំ។

សេចក្ដីសន្និដ្ឋានដែលសមស្រប

«ក្នុងខេត្តកោះកុង ព្រៃឈើប្រហែល ១៦០ ពាន់ហិកតាដែលមានក្នុងស្រទាប់ឆ្នាំ ១៩៩៧ មិនមែនជាព្រៃក្នុងស្រទាប់ឆ្នាំ ២០១៥ ទេ ដែលភាគច្រើនក្លាយជាដីកសិកម្ម និងដីទំនេរ។ អត្រាបាត់បង់ក្នុងព្រំតំបន់ការពារឆ្នាំ ២០១៨ (១១%) ទាបជាងក្រៅ (៥៤%)។»

អ្វីដែលយើងមិនអាចសន្និដ្ឋាន

យើងមិនអាចសន្និដ្ឋានថាតំបន់ការពារ «បណ្ដាល» ឱ្យព្រៃនៅគង់ទេ ព្រោះតំបន់ខ្លះបង្កើតនៅឆ្នាំ ២០១៦ ហើយព្រៃក្រៅតំបន់ការពារនៅជិតផ្លូវ និងទីប្រជុំជនស្រាប់។ យើងក៏មិនអាចនិយាយថា ១៦០ ពាន់ហ.ត ទាំងអស់ជាការកាប់ព្រៃពិតប្រាកដដែរ ព្រោះស្រទាប់ទាំងពីរមកពី MRC និងក្រសួងបរិស្ថាន ដែលប្រើវិធីចាត់ថ្នាក់ខុសគ្នា។


១១.៥. សកម្មភាពអនុវត្ត

លំហាត់នេះស្ថិតក្នុងសៀវភៅអនុវត្ត

ការអនុវត្តលើ QGIS សម្រាប់មេរៀននេះស្ថិតក្នុង លំហាត់ទី១១។

និស្សិតធ្វើលំហាត់នេះ ដោយខ្លួនឯង នៅក្រៅម៉ោងរៀន។


១១.៦. ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

១. «Clip និង Intersection ដូចគ្នា» ធរណីមាត្រដូចគ្នា ប៉ុន្តែ Clip រក្សាតែគុណលក្ខណៈពី A។ ប្រើ Clip សម្រាប់កាត់តំបន់សិក្សា ប្រើ Intersection ពេលត្រូវការគុណលក្ខណៈពីស្រទាប់ទាំងពីរ។

២. «វាលផ្ទៃក្រោយការត្រួតស្រទាប់ ត្រឹមត្រូវ» វាលផ្ទៃត្រូវបានចម្លងពីស្រទាប់ដើម។ ត្រូវគណនា $area ឡើងវិញ។

៣. «Spatial join summary បូកផ្ទៃដែលត្រួត» វាបូកតម្លៃទាំងមូលនៃវត្ថុដែលប៉ះ។ សម្រាប់ផ្ទៃត្រួត ត្រូវប្រើ Intersection។

៤. «ផ្ទៃក្រៅអង្កត់ទ្រូងទាំងអស់ ជាការផ្លាស់ប្ដូរពិត» ផ្នែកមួយជាចន្លោះស្ដើង កំហុសចាត់ថ្នាក់ ឬភាពខុសគ្នានៃវិធីផលិតផែនទី។

៥. «ចំនួនដុលគ្រប់គ្រាន់សម្រាប់ប្រៀបធៀបតំបន់» តំបន់ដែលមានព្រៃច្រើន បាត់បង់ច្រើនជាងដោយធម្មជាតិ។ ត្រូវប្រៀបធៀបអត្រា។


១១.៧. សេចក្ដីសង្ខេបមេរៀន

ការត្រួតស្រទាប់បង្កើតធរណីមាត្រថ្មីពីស្រទាប់ពីរ៖ Intersection Clip Union Difference និង Symmetrical difference ដែលខុសគ្នាទាំងធរណីមាត្រ និងគុណលក្ខណៈលទ្ធផល។ Intersection ក្រប់ដីពីរឆ្នាំបង្កើតម៉ាទ្រីសផ្លាស់ប្ដូរ។ ផ្ទៃត្រូវគណនាឡើងវិញក្រោយការត្រួតស្រទាប់ជានិច្ច។

Spatial join ផ្ទេរគុណលក្ខណៈតាមទីតាំងដោយមិនប្ដូរធរណីមាត្រ ហើយស័ក្ដិសមសម្រាប់ផ្ទេរឈ្មោះ និងរាប់វត្ថុ មិនមែនសម្រាប់វាស់ផ្ទៃត្រួតគ្នាទេ។

គំនិតស្នូលនៃមេរៀន

ឧបករណ៍ពីរអាចផ្ដល់តារាងដែលមើលទៅស្រដៀងគ្នា ប៉ុន្តែឆ្លើយសំណួរពីរខុសគ្នា។ មុនចុច Run ត្រូវសួរថា «ខ្ញុំចង់ដឹងផ្ទៃដែលត្រួតគ្នា ឬចង់ដឹងថាវត្ថុណាប៉ះវត្ថុណា?»


១១.៨. ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរ ពាក្យអង់គ្លេស អត្ថន័យខ្លី
ការត្រួតស្រទាប់ Overlay បង្កើតធរណីមាត្រថ្មីពីស្រទាប់ច្រើន
ផ្ទៃរួម Intersection ផ្ទៃដែលមាននៅក្នុងទាំងពីរ
កាត់ Clip កាត់ A តាម B រក្សាគុណលក្ខណៈ A
ផ្ទៃបូករួម Union ផ្ទៃទាំងអស់ពីទាំងពីរ
ផលដក Difference A ដែលនៅក្រៅ B
ម៉ាទ្រីសផ្លាស់ប្ដូរ Change matrix តារាងផ្ទៃពីថ្នាក់ទៅថ្នាក់
ការភ្ជាប់តាមទីតាំង Spatial join ផ្ទេរគុណលក្ខណៈតាមទំនាក់ទំនងលំហ
ចន្លោះស្ដើង Sliver polygon ពហុកោណតូចពីព្រំមិនស៊ីគ្នា

១១.៩. សំណួររំលឹក និងវាយតម្លៃ

ក. សំណួរយល់ដឹង

  1. ពន្យល់ភាពខុសគ្នារវាង Clip និង Intersection ទាំងធរណីមាត្រ និងគុណលក្ខណៈ។
  2. ហេតុអ្វីត្រូវគណនាផ្ទៃឡើងវិញក្រោយការត្រួតស្រទាប់?
  3. ក្នុងម៉ាទ្រីសផ្លាស់ប្ដូរ ផលបូកជួរដេក និងជួរឈរមានន័យអ្វី?
  4. ពន្យល់ថាហេតុអ្វី Join attributes by location (summary) ផ្ដល់ផ្ទៃបាត់បង់ ១៥៩ ៨៨៦ ហ.ត ដល់ឃុំជាច្រើន។
  5. ចន្លោះស្ដើងកើតឡើងដោយរបៀបណា ហើយប៉ះពាល់ម៉ាទ្រីសផ្លាស់ប្ដូរដូចម្ដេច?

ខ. សំណួរអនុវត្តគោលគំនិត

  1. សម្រាប់សំណួរនីមួយៗ ជ្រើសឧបករណ៍៖ (ក) ផ្លូវប៉ុន្មានគម ក្នុងឃុំនីមួយៗ (ខ) សាលានីមួយៗនៅឃុំណា (គ) ដីកសិកម្មក្រៅតំបន់លិចទឹក (ឃ) ឃុំនីមួយៗមានមណ្ឌលសុខភាពប៉ុន្មាន។
  2. ពីជួរ «ព្រៃឈើ» ក្នុងឧទាហរណ៍ គណនាភាគរយនៃព្រៃឆ្នាំ ១៩៩៧ ដែលក្លាយជាទឹក ហើយស្នើមូលហេតុពិតពីរ និងមូលហេតុពីកំហុសផែនទីមួយ។
  3. រៀបរាប់ជំហានរកផ្ទៃស្រែដែលលិចទឹកឆ្នាំ ២០១១ តាមឃុំ ក្នុងខេត្តមួយ ដោយប្រើវ៉ិចទ័រ។
  4. ពន្យល់ទៅកាន់អ្នកសារព័ត៌មានថា ហេតុអ្វី «តំបន់ការពារបាត់បង់ព្រៃ ១០១ ពាន់ហិកតា» មិនមែនមានន័យថាតំបន់ការពារបរាជ័យ។
  5. អ្នកមានផែនទីក្រប់ដីពីរឆ្នាំដែលមានថ្នាក់ ៥ និង ៨។ តើត្រូវធ្វើអ្វីមុនបង្កើតម៉ាទ្រីសផ្លាស់ប្ដូរ?

គ. កិច្ចការខ្លី

ស្វែងរកផែនទីក្រប់ដី ឬព្រៃឈើពីរឆ្នាំនៃតំបន់ណាមួយក្នុងកម្ពុជា (ពីឧបសម្ព័ន្ធ ខ ឬរបាយការណ៍)។ សរសេរមួយទំព័រ៖ ប្រភព និងវិធីផលិតនៃផែនទីនីមួយៗ · ថ្នាក់អាចផ្គូផ្គងគ្នាឬទេ · ឧបករណ៍ត្រួតស្រទាប់ដែលអ្នកនឹងប្រើ · កំហុសដែលអាចធ្វើឱ្យម៉ាទ្រីសបំភាន់ · សេចក្ដីសន្និដ្ឋានមួយដែលអ្នក មិនអាច ធ្វើបាន។


កំណត់សម្គាល់សម្រាប់គ្រូបង្រៀន

ក. ការបែងចែកពេលវេលា ១៨០ នាទី

សកម្មភាព ពេលវេលា
ស្ថានភាពបើកមេរៀន៖ ព្រៃកោះកុង ១៥ នាទី
ប្រតិបត្តិការត្រួតស្រទាប់ និងពិសោធន៍ ៤០ នាទី
ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីស ៣០ នាទី
Spatial join ២០ នាទី
ការត្រួតស្រទាប់ ទល់នឹង Spatial join និងល្បែង ២៥ នាទី
ធាតុផ្សំនៃការត្រួតស្រទាប់ល្អ និងឧទាហរណ៍ ៤៥ នាទី
សង្ខេប និងណែនាំលំហាត់ ៥ នាទី
សរុប ១៨០ នាទី / ៣ ម៉ោង

ខ. ការភ្ជាប់ទៅមេរៀនបន្ទាប់

ការត្រួតស្រទាប់វ៉ិចទ័របង្កើតពហុកោណតូចៗរាប់ពាន់ ហើយយឺតណាស់ពេលមានស្រទាប់ ៥ ឬ ១០។ ចូរបញ្ចប់ដោយសួរ៖

«បើយើងបំប្លែងស្រទាប់ទាំងអស់ទៅជាក្រឡាដូចគ្នា តើការត្រួតស្រទាប់នឹងក្លាយជាលេខនព្វន្ធសាមញ្ញបានទេ?»

សំណួរនេះនាំទៅ មេរៀនទី១២៖ ការវិភាគរ៉ាស្ទ័រ និងពីជគណិតផែនទី។

⬅️ មេរៀនទី១០ · ➡️ មេរៀនទី១២